(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលឆាណែលតេឡេក្រាម (Telegram Channel ) របស់សម្តេចមានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមថ្នាក់ដឹកនាំនានាលើពិភពលោក។
យើងខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរដ៏ក្រៃលែង ដែលឆាណែលតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមថ្នាក់ដឹកនាំនានាលើពិភពលោក ហើយបន្តមានកំណើនរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
ការទទួលបានចំនួន អ្នកភ្ជាប់ឆាណែលតេឡេក្រាមដ៏ច្រើនលើសលប់ ក្នុងរយៈពេលខ្លីនេះ ជាសក្ខីភាពសបញ្ជាក់ពីប្រជាប្រិយភាព ការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ការជឿទុកចិត្ត និងការគាំទ្រយ៉ាងខ្លាំងចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី។
សម្ទុះនៃការគាំទ្រដ៏ច្រើននេះ ពិតជាបង្ហាញពីការផ្តល់តម្លៃយ៉ាងធំធេង និងមហាកិត្តិយសដ៏ឧត្តុង្គឧត្តមចំពោះវីរភាព និងស្នាដៃដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការផ្សារភ្ជាប់ដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។
សូម សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕