អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើកទី២

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១របស់កម្ពុជា ក្នុងឱកាសដែលលោកជំទាវបណ្ឌិត ទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើកទី២ នៅក្នុងកម្មវិធី «Smile Asia Charity Gala 2025» ដោយមានការប្រគល់ដោយផ្ទាល់ពីលោកស្រី Gan Siow Huang, Minister of State ទទួលបន្ទុកកិច្ចការបរទេស និងទទួលបន្ទុកក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរីនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

ពានរង្វាន់ «Smile Asia Philanthropic Visionary Award» ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូនម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ហើយលោកជំទាវបណ្ឌិត គឺជាភរិយាថ្នាក់ដឹកនាំមួយរូបពីកម្ពុជា ដែលបានទទួលដំបូងគេ។

តាមរយៈពានរង្វាន់នេះ សូមកោតសរសើរដ៏ស្មោះ ជូនលោកជំទាវបណ្ឌិត ដែលជាថ្នាក់ដឹកនាំមួយរូប ប្រកបដោយគុណធម៌ សប្បុរសធម៌ និងមានឆន្ទៈដ៏មោះមុត បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងការចូលរួមចំណែកយ៉ាងសកម្មចំពោះអង្គការ Smile Cambodia ក៏ដូចជា ការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ។

ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ថ្លៃថ្លា នៃការទទួលបាននូវពានរង្វាន់ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ ជូនដល់លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រា-បុត្រី សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕