(ភ្នំពេញ)៖ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សូមជម្រាបជូនសាធារណៈជនថា កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានរបស់ប្រទេសថៃ បានផ្សព្វផ្សាយព័ត៌មានថា ទាហានកម្ពុជាបានបាញ់កាំភ្លើងធុនតូច៣-៥គ្រាប់ ចូលទៅក្នុងទឹកដីថៃ ដើម្បីសាកល្បងនៃការឆ្លើយតបរបស់ភាគីថៃ។
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សូមធ្វើការបំភ្លឺជូនសាធារណៈជនថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣:២០នាទី កងទ័ពកម្ពុជា បានរាលកៃបាញ់កាំភ្លើងប្រភេទAKចំនួន ២គ្រាប់ដោយអចេតនា នៅក្នុងទឹកដីរបស់កម្ពុជា ក្នុងភូមិសាស្ត្របុស្បូវ-ជាំតែ ខេត្តព្រះវិហារ។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង កងទ័ពកម្ពុជា ក៏បានធ្វើការទំនាក់ទំនងប្រាប់ភាគីថៃពីសកម្មភាពអចេតនានេះផងដែរ។
សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ តែងតែប្រកាន់ខ្ជាប់នូវបទឈប់បាញ់ ដើម្បីកសាងនូវសន្តិភាព និងប្រក្រតីភាពឡើងវិញរវាងកម្ពុជា-ថៃ៕