(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតរំលែកទុក្ខជូនឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាឃ ផល ដែលត្រូវជាម្តាយក្មេករបស់ឯកឧត្តម ដែលបានទទួលមរណភាព វេលាម៉ោង១២:០៩នាទី ថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំអាឡោះអាល័យនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន និងសមាជិកគ្រួសារ ជាទីគោរពស្រលាញ់ និងមានគុណតម្លៃបំផុត ដែលជានិច្ចកាលខិតខំចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ការសិក្សា អប់រំ ទូន្មានបុត្រាបុត្រី និងចៅៗ ប្រកបដោយសេចក្តីស្រឡាញ់ និងព្រហ្មវិហារធម៌ រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ និងបានបម្រើឧត្តមប្រយោជន៍ជាតិដ៏ធំធេង។
ពេញមួយជីវិត ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ មាឃ ផល តែងតែគោរពប្រតិបត្តិ ទ្រទ្រង់ និងផ្សព្វផ្សាយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋដែលបានលើកស្ទួយភាពថ្លៃថ្នូរ និងអប់រំមនុស្សជាតិឱ្យប្រកាន់យកសន្តិភាព និងធ្វើអំពើល្អដែលជាកុសលដ៏ថ្លៃថ្លា។
យើងខ្ញុំ សូមឧទ្ទិសកុសលបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ មាឃ ផល ទទួលបានភាពត្រជាក់ត្រជំនៃតេជះបារមី ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឆាប់បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕