(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ផ្ញើលិខិតរំលែកទុក្ខជូន លោកជំទាវ លីម សុខពៅ និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ឧត្តមនាវីឯក គង់ ឡុម អតីតមេបញ្ជាការរង បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពនៅវេលាម៉ោង១៩:៣០នាទី ថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
ក្នុងពេលវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតចំពោះមរណភាពរបស់ឯកឧត្តម ឧត្តមនាវីឯក គង់ ឡុម ដែលជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សមួយរូបក្នុងកងយោធពលខេមរភូមិន្ទ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងបុព្វហេតុជាតិ និងបានរួមចំណែកក្នុងការស្តារ ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធឯកឧត្តម ឧត្តមនាវីឯក គង់ ឡុម បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕