អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មុន្នី ហោរ៉ាត ផ្ញើសាររំលែកទុក្ខជូនឯកឧត្ដម ប្រាជ្ញ សារ៉ាត និងក្រុមគ្រួសារ ចំពោះមរណភាព លោកជំទាវ នាយឧត្ដមសេនីយ៍ ម៉ី មនដារី

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មុន្នី ហោរ៉ាត នាយរងសេនាធិការចម្រុះ នាយកទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ផ្ញើសាររំលែកទុក្ខជូន ឯកឧត្ដម ប្រាជ្ញ សារ៉ាត ចំពោះមរណភាពលោកជំទាវ នាយឧត្ដមសេនីយ៍ ម៉ី មនដារី អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលត្រូវជាភរិយារបស់ឯកឧត្ដម បានទទួលមរណភាពនៅវេលាម៉ោង ៨:២៥នាទីព្រឹក ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ ក្នុងជន្មាយុ ៦៩ឆ្នាំ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងការសោកស្តាយស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់លោកជំទាវ នាយឧត្ដមសេនីយ៍ ម៉ី មនដារី អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលជាការបាត់បង់នូវម្ដាយ ម្ដាយក្មេក និងជីដូនជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជា ការបាត់បង់នូវធនធានមនុស្សមួយរូប ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិមាតុភូមិ។ នាយឧត្តមសេនីយ៍ ម៉ី មនដារី ជាឥស្សរជនឆ្នើមមួយរូបដែលបានចូលរួមតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។ មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវក៏បានចូលរួមយ៉ាងសកម្មក្នុងការការពារបូរណរភាពទឹកដី ព្រមទាំងកំណែទម្រង់និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ ឱ្យស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេស ក្នុងតំបន់និងពិភពលោក។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធលោកជំទាវ នាយឧត្ដមសេនីយ៍ ម៉ី មនដារី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕