(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមផ្ញើសារជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវការគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា ដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការរួមវិភាគទានយ៉ាងសំខាន់ដើម្បីថែរក្សាសន្តិភាព និងសន្តិសុខ ដែលជាសសរស្តម្ភ ដ៏រឹងមាំសម្រាប់ធានានូវសុខុមាលភាពរបស់ «ស្ត្រី និងគ្រួសារ» ដោយបង្កើតបាននូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងគ្មានការភ័យខ្លាច ដែលជាមូលដ្ឋានគ្រឹះផ្តល់លទ្ធភាពឱ្យ «ស្ត្រី និងគ្រួសារ» រស់នៅប្រកបដោយសុភមង្គល គ្មានការរើសអើងលើស្រ្តី គ្មានអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសិទ្ធិអំណាច និងតួនាទីស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ព្រមទាំងការចូលរួមក្នុងកិច្ចការសង្គមប្រកបដោយសេចក្តីធន់ និងបរិយាបន្ន។
ជាពិសេស សម្តេចធម្មវិសុទ្ធវង្សា បានចូលរួមក្នុងបេសកកម្មថែរក្សាសន្តិសុខ ទាំងបែបប្រពៃណី និងមិនមែនប្រពៃណី ដើម្បីលើកកម្ពស់សុខសុវត្ថិភាព និងភាពសុខក្សេមក្សាន្ត សំដៅធ្វើឱ្យសង្គមជាតិមានការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា និង សម្តេចអគ្គមហាពញាចក្រី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចធម្មវិសុទ្ធវង្សា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា៕
