(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ម្ដាយបង្កើតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:១២នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះរបស់នាយឧត្តមសេនីយ៍ ស ថេត ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសប្រកបដោយទុក្ខក្រៀមក្រំ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើអភិវន្ទនកិច្ចចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ដ៏ធំធេងនូវម្ដាយបង្កើត ម្ដាយក្មេក ជីដូន និងជីទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងមានព្រហ្មវិហារធម៌ដ៏ល្អប្រពៃ អប់រំទូន្មានកូនចៅ ឱ្យក្លាយជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ឯកឧត្តមបានចាត់ទុកមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង គឺជាការបាត់បង់ពុទ្ធសាសនិកមួយរូប ដែលតែងតែគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនក្នុងព្រះពុទ្ធសាសនា និងមានស្នាដៃជាច្រើនក្នុងការចូលរួមចំណែកកសាងសង្គមជាតិ និងជួយឧបត្ថម្ភគាំទ្រក្នុងព្រះពុទ្ធសាសនានៅកម្ពុជា។
ឯកឧត្តមអគ្គមេបញ្ជាការ បានឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
