(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស ២០២៦។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទសបារមីទេវតាថែរក្សាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ សម្រេចបានជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដឹកនាំ ស្ថាប័ននីតិប្បញ្ញត្តិ នាំមកនូវសុខសន្តិភាព វឌ្ឍនភាព វិបុលភាព និងភាពសម្បូររុងរឿងជូនជាតិ មាតុភូមិនៃយើង។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន សម្តេចប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

