អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ សុខ កែវ ចំពោះមរណភាពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលត្រូវជាស្វាមី

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនលោកជំទាវ សុខ កែវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ត្រូវជាស្វាមីរបស់ លោកជំទាវ បានទទួលមរណភាពនៅវេលាម៉ោង០០:២៩នាទី ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលជាស្វាមី ឪពុក ជីតា ជីតាទូត និងជាគ្រូបាធ្យាយគំរូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ដែលកន្លងមក ឯកឧត្តមបណ្ឌិតសភាចារ្យតែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មាន ប្រៀនប្រដៅបុត្រីធីតា និងចៅៗរហូតបានក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ មិនត្រឹមតែប៉ុណ្ណោះ មរណភាពឯកឧត្តមបណ្ឌិតសភាចារ្យ ជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគំរូដ៏ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធខ្ពស់ ដែលក្នុងមួយជីវិត ឯកឧត្តមបានតស៊ូពុះពារគ្រប់ឧបសគ្គ ជាពិសេសក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិ។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕