អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរនៃពិធីចម្រើនជន្មាយុ

(ភ្នំពេញ)៖ ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលចូលមកដល់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦, ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សូមសម្ដែងនូវមនោសញ្ចេតនាគោរព ប្រកបដោយកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត និងសូមគោរពជូនពរជ័យសិរីមង្គល ដ៏មហាប្រសើរជូនចំពោះ សម្តេចពិជ័យសេនា សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងមនោសញ្ចេតនាប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចពិជ័យសេនា ដែលកន្លងទៅបានធ្វើពលិកម្មទាំងកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុ ការពារសន្តិភាព ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិ និងអភិវឌ្ឍប្រទេសជាតិ នាំមកនូវវឌ្ឍនភាព វិបុលភាព និងភាពសម្បូររុងរឿងជូនជាតិ មាតុភូមិនៃយើង។

ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕