អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

តំណែងដ៏ឧត្តុងឧត្តមនេះ ពិតជាស័ក្តិសមបំផុតចំពោះការខិតខំលះបង់អស់កម្លាំងកាយចិត្តរបស់ ឯកឧត្តម ក្នុងការចូលរួមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនជាពិសេសការធ្វើកំណែទម្រង់មុខងារសាធារណៈយ៉ាងផុសផុល ដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងប្រសិទ្ធភាពមន្រ្តីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរី សួស្តីជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ប្រកបដោយសុភមង្គល ថាមពល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕