អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណបក្សប្រចាំខែកុម្ភៈ និងដាក់ចេញទិសដៅអនុវត្តខែមីនា ឆ្នាំ២០២៣ របស់គណបក្សស្រុកពារាំង

(ព្រៃវែង)៖ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណបក្សប្រចាំខែកុម្ភៈ និងដាក់ចេញទិសដៅអនុវត្តខែមីនា ឆ្នាំ២០២៣ ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពារាំង។

តាមរយៈរបាយការណ៍បូកសរុបការងារក្នុងខែកុម្ភៈនេះ លោក ឈុន សារ៉ាត ប្រធានគណបក្សស្រុកពារាំង បានលើកឡើងពីសភាពការណ៍ទូទៅនៅមូលដ្ឋាន សកម្មភាពរបស់ក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្ត និងការពង្រឹងពង្រីកសមាជិកគណបក្ស ដើម្បីឈានទៅដណ្តើមជ័យជម្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានផ្តាំផ្ញើដល់មន្ត្រីគណបក្ស និងក្រុមការងារចុះមូលដ្ឋាន ឲ្យបន្តរក្សាខ្ជាប់ប្រពៃណីស្នេហាជាតិ រក្សាការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយខិតខំបំពេញភារកិច្ចដែលគណបក្សប្រជាជនកម្ពុជាបានដាក់ចេញ ទាំងការអនុវត្តកម្មវិធីនយោបាយ ការកសាងពង្រឹងគណបក្ស និងការផ្សារភ្ជាប់ជាមួយមូលដ្ឋានដើម្បីបង្កើនសកម្មភាពការងារប្រកបដោយគុណភាព។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធានក្រុមការងារបានអញ្ជើញចុះពិនិត្យទីកន្លែងប្រុងប្រៀបប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមាចំនួន២វត្ត គឺវត្តមេលប់ស្ថិតក្នុងឃុំរកា និងវត្តពោធិ៍អណ្ដែតក្នុងឃុំព្រៃស្នៀត។ ក្នុងនោះដែរ ឯកឧត្ដម វង្ស ពិសេន បានប្រគេនបច្ច័យចំនួន១ម៉ឺនដុល្លារដល់វត្តមេលប់ដើម្បីកសាងដងទង់ផងដែរ៕