អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀតណាម អញ្ជើញជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងឱកាសពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត និងលោកវរសេនីយ៍ឯក ចឹន វ៉ាន់ទឹម នាយការិយាល័យអនុព័ន្ធយោធាវៀតណាមចាំកម្ពុជា បានដឹកនាំប្រតិភូមកជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងមនោសញ្ចេតនារាក់ទាក់ ស្និទ្ធស្នាល ឯកឧត្តម ង្វៀន ហ៊ុយតាំង បានជូនពរដល់ ឯកឧត្តម អគ្គមេបញ្ជាការ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងយោធពលខេមរភូមិន្ទ សូមជួបតែសេចក្តីសុខចម្រើន សុខភាពល្អបរិបូរណ៍ ទទួលបានលាភជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការក្នុងឆ្នាំថ្មី និងសម្រេចបានជោគជ័យក្នុងភារកិច្ចការពារជាតិ។

ឯកឧត្តម ង្វៀន ហ៊ុយតាំង បានវាយតម្លៃខ្ពស់ចំពោះទំនងទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម ទាំងអតីតកាលនិងបច្ចុប្បន្នកាល បានកៀកស្មាគ្នាតស៊ូប្រឆាំងសត្រូវរួម និងបច្ចុប្បន្នកំពុងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការកសាង អភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន។

ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម ក៏បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានរួមសហការជួយឧបត្ថម្ភដល់ការងាររបស់ស្ថានទូត និងអនុព័ន្ធយោធា ដោយឯកឧត្តមសង្ឃឹមថា ទៅថ្ងៃខាងមុខនឹងនៅតែបន្តរួមសហការគ្នា ដើម្បីផលប្រយោជន៍ និងការរីកចម្រើនប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបានសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀតណាម ដែលបានឆ្លៀតឱកាសមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ បង្ហាញពីមនោសញ្ចេតនាស្រឡាញ់រាប់អានជាបងជាប្អូន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា។

ឯកឧត្តម អគ្គមេបញ្ជាការ បានរំលេចពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានតាំងពីយូរលង់មកហើយ ធ្លាប់ជួយគ្នាទៅវិញទៅមកនៅក្នុងការផ្សះផ្សារបង្រួបបង្រួមជាតិ ហើយបច្ចុប្បន្ននៅតែបន្តពង្រឹងពង្រីកទំនាក់ទំនងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិនីមួយៗមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់កងទ័ពប្រជាជនវៀតណាម ដែលតែងតែបានជួយឧបត្ថម្ភគ្រប់យ៉ាងដល់កងយោធពលខេមរភូមិន្ទ ពិសេសការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្តល់សម្ភារៈ ថវិកា និងមធ្យោបាយផ្សេងៗ ធ្វើឲ្យកងយោធពលខេមរភូមិន្ទ មានសមត្ថភាព និងរីកចម្រើនជាបន្តបន្ទាប់។

នៅចុងបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានជូនពរដល់ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងភារកិច្ចដែលបក្ស រដ្ឋ ប្រគល់ជូន៕