(ព្រៃវែង)៖ ក្នុងពិធីទិវាជាតិនៃការចងចាំ ដែលបានធ្វើឡើងនៅស្រុកពារាំង នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានមានប្រសាសន៍ថា ថ្ងៃនេះជា «ទិវាជាតិនៃការចងចាំ» ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបបានចងចាំរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ ខែ និង២០ថ្ងៃ។
ឯកឧត្តម វង្ស ពិសេន បានលើកឡើងថា ការប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ឧសភា» នេះឡើងក៏ដើម្បីរំលឹកដល់គុណរបស់យុទ្ធជន យុទ្ធនារី ដែលបានរំដោះ និងការពារប្រទេសជាតិ ព្រមទាំងអ្នកបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នងនេះផងដែរ។
ឯកឧត្តម វង្ស ពិសេន បានបញ្ជាក់ថា ដោយសារគុណរណសិរ្សសាមគ្គីសង្រ្គោះជាតិ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មាតុភូមិត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧មករា ១៩៧៩ ពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។
ឯកឧត្តមប្រធានក្រុមការងារបានបន្តថា សន្តិភាពមានតម្លៃមិនអាចខ្វះបាន សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងសម្រាប់យើងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។ ដូច្នេះសូមប្រជាពលរដ្ឋរួមគ្នាថែរក្សាការពារសុខសន្តិភាព ដែលយើងរកបានដោយលំបាកនេះឱ្យបានគង់វង្ស ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ៕