(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសពនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។
ជំនួសមុខឱ្យថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នាយទាហាន នាយទាហានរង និងពលទាហាន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការចូលរួមរំលែកទុក្ខជាមួយភរិយា នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី និងក្រុមគ្រួសារសព ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហាធម៌នាពេលនេះ។
នាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា នេះជាការបាត់បង់នាយទាហានជាន់ខ្ពស់មួយរូប ដែលកន្លងមកបានលះបង់ និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ ពិសេស ការរួមចំណែកលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈការសម្របសម្រួលបញ្ជូនកងកម្លាំងមួកខៀវកម្ពុជាបំពេញបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ជាមួយនេះដែរ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសពនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី បានទៅកាន់សុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕