អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ

(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្សដ៏ឧត្ដុង្គឧត្ដមនៃពិធីចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤, ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំអគ្គបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមបួងសួងចំពោះគុណបុណ្យព្រះ រតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គ ប្រោសប្រទាននូវសព្ទសាធុការពរ បវរមហាប្រសើរជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកប ដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ធានាបាននិរន្តរភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។

យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវ កតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចធិបតី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុជាតិនិងប្រជាជន ជាពិសេស ដើម្បីថែរក្សាឱ្យបានគង់វង្សនូវសន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងបន្តលើកកម្ពស់កិត្យានុភាពជាតិ ឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ កងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាការពារជាតិសាសនា ព្រះមហាក្សត្រ ការពារសមិទ្ធផលជាតិទាំងឡាយ ជាពិសេសការពារឱ្យខាងតែបាននូវសន្តិភាព ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្របន្សល់ទុកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពាររាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ព្រមទាំងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងនយោបាយ កំណែទម្រង់នានារបស់សម្តេចធិបតី ក៏ដូចជាកំណែទម្រង់កងយោធពលខេមរភូមិន្ទឱ្យក្លាយជា កងកម្លាំងរៀបរយ មានវិជ្ជាជីវៈ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

យើងខ្ញុំទាំងអស់គ្នា សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហា ប្រសើរជូនចំពោះសម្តេចមហា បវរ ធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕