( ភ្នំពេញ )៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញអប់រំចិត្តសាស្ត្រឃោសនាព័ត៌មាន ជំនាន់ទី១១ ឆ្នាំ២០២៤ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានអបអរសាទរ និងថ្លែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះលទ្ធផលដែលទីចាត់ការឃោសនាព័ត៌មានសម្រេចបានក្នុងរយៈពេលខ្លីកន្លងមកនេះ និងថ្លែងអំណរគុណដល់នាយកទីចាត់ការឃោសនាព័ត៌មាន ថ្នាក់ដឹកនាំ នាយទាហាន គណៈគ្រប់គ្រងវគ្គ និងយោធាចារ្យ ដោយបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងដឹកនាំបង្រៀន និងពុះពារដោះស្រាយរាល់បញ្ហាប្រឈមនានាធ្វើឱ្យវគ្គសិក្សាមានដំណើរការប្រព្រឹត្តទៅយ៉ាងរលូនតាមកម្មវិធីដែលបានគ្រោងទុក និងទទួលបានលទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានោះ នាយឧត្ដមសេនីយ៍ ម៉ក់ សារុន ក៏បានកោតសរសើរចំពោះនាយទាហានជាកម្មសិក្សាការីទាំងអស់ដែលបានខិតខំហ្វឹកហ្វឺនរៀនសូត្រកន្លងមកប្រកបដោយឆន្ទៈមោះមុត ចង់ចេះ ចង់ដឹង មានស្មារតីគោរពប្រតិបត្តិ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង ព្រមទាំងខិតខំពុះពាររាល់ការលំបាកគ្រប់យ៉ាងរហូតបានបញ្ចប់វគ្គរៀនសូត្រទៅតាមកម្មវិធីដែលបានកំណត់។ កាយវិការដ៏ប្រពៃណីនេះ សបញ្ជាក់យ៉ាងច្បាស់ថា អស់លោកលោកស្រីគឺពិតជានាយទាហានឈានមុខដែលសក្តិសមជាទីបំផុតក្នុងតួនាទីជាអ្នកដឹកនាំ ជាសេនាធិការជូនអង្គភាពក្នុងការងារជំនាញអប់រំចិត្តសាស្ត្រឃោសនាព័ត៌មានក្នុងជួរកងទ័ព ហើយក៏ជានាយទាហានដែលជាក្តីសង្ឃឹម និងជឿជាក់របស់ប្រមុខរាជរដ្ឋាភិបាលក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទសម្រាប់ជានាយទាហានបន្តវេននាថ្ងៃអនាគត។
ដើម្បីធានាបានប្រសិទ្ធភាពការងារ នាយឧត្តមសេនីយ៍បានធ្វើការផ្ដាំផ្ញើដល់យោធិនទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រតិបត្តិឲ្យបានល្អតាមខ្លឹមសារនៃពាក្យឆ្លាតឈ្លាសវៃច្នៃប្រឌិតនិងស្មារតីទទួលខុសត្រូវច្បាស់លាស់ និងម៉ឺងម៉ាត់ តស៊ូ ព្យាយាម។ គោរពឱ្យបាននូវច្បាប់លក្ខន្តិកៈបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ ច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងច្បាប់នានា បទបញ្ជា សារាចរណ៍ណែនាំ សេចក្តីណែនាំផ្សេងៗ ព្រមទាំងក្តាប់ឱ្យបានសភាពការណ៍នយោបាយសតិអារម្មណ៍នាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាព និងសភាពការណ៍ជាតិ អន្តរជាតិដើម្បីមានវិធានការអប់រំផ្សព្វផ្សាយទាន់ពេលវេលាពិសេសទប់ស្កាត់រាល់ឧបាយកលសកម្មភាពជាសង្គ្រាមចិត្តសាស្ត្ររបស់ក្រុមប្រឆាំងពួកអមិត្តដែលតែងតែឃោសនាញុះញង់តាមគ្រប់រូបភាព។
នាយឧត្ដមសេនីយ៍ ម៉ក់ សារុន បន្តណែនាំឱ្យនាយទាហានជំនាញអប់រំចិត្តសាស្ត្រគ្រប់រូបត្រូវពង្រឹងខ្សែរយៈអប់រំដែលបំប៉នរួចហើយដើម្បីសហការអនុវត្តឲ្យមានប្រសិទ្ធភាពការងារដ៏មានសារៈសំខាន់ទាំងចំពោះមុខ និងយូរអង្វែង។ ជំរុញការកសាងសំណុំលិខិតពលី មរណៈពិការ ដោយសហការជាមួយបណ្ដាអង្គភាពដែលមានយោធិនពលីមរណៈពការ ត្រូវកសាងសំណុំលិខិតតាមបណ្ដាស្ថាប័នកងឯកភាពដែលបានបញ្ចូលមកទីចាត់ការឃោសនាព័ត៌មានអគ្គបញ្ជាការដ្ឋានរួចបញ្ជូនរាល់សំណុំលិខិតទៅក្រសួងការពារជាតិឲ្យបានទាន់ពេលវេលា ។
ត្រូវចូលរួមទប់ស្កាត់បង្ការជំងឺឆ្លងនានាតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលជៀសវាងការធ្វេសប្រហែសមើលស្រាលនៃជំងឺឆ្លង និងចូលរួមចំណែកសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់រក្សាការពារជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ផ្ទះសម្បែង សត្វពីហានៈ ដែលរងនូវរាល់ហានិភ័យកើតឡើងពីគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់ព្យុះ និងបាតុភូតផ្សេងៗ ។ រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ។
ត្រូវជំរុញការបូកសរុបចលនាប្រឡងប្រណាំងឲ្យបានចប់សព្វគ្រប់ក្នុងខែវិច្ឆិកា ដើម្បីរាយការណ៍ជូនលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងពិនិត្យវាយតម្លៃជូនប័ណ្ណសរសើរ លិខិតសរសើរឲ្យបានរួចរាល់នៅខែធ្នូ ឆ្នាំ២០២៤នេះ៕