(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន សភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព (IPTP) នៃក្រុមប្រឹក្សាសកលដើម្បីការអត់ឱន និងសន្តិភាព (GCTP) ប្រគល់ «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» នាឱកាសដ៏មហានក្ខត្តឫក្ស នៃសម័យប្រជុំពេញអង្គលើកទី១១ របស់ IPTP ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៣–២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ការផ្តល់ពានរង្វាន់នេះជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនគឺជាការទទួលស្គាល់តួនាទី និងការរួមចំណែកយ៉ាងសំខាន់បំផុតរបស់សម្តេចតេជោ ដែលជាស្ថាបត្យករ ជាប្រតិបត្តិករ និងជាអ្នកការពារសន្តិភាព មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិជារួមផងដែរ។ តាមរយៈនយោបាយ ឈ្នះ–ឈ្នះ របស់សម្តេចតេជោ កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពឯកភាពជាតិ និងវិបុលភាពពេញលេញដល់ប្រជាជនកម្ពុជាគ្រប់រូប។ លើសពីនេះ សម្តេចតេជោ មានបុរេសកម្មភាពយ៉ាងខ្លាំង ដោយបាន រួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពអន្តរជាតិ តាមរយៈការធ្វើឱ្យស៊ីជម្រៅនូវសមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ ការកសាងសហគមន៍អាស៊ី ការពង្រឹងតួនាទីស្នូលរបស់អាស៊ីដោយបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅគ្រប់ទិសទីនៃពិភពលោកក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវ កតញ្ញូ កតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះគុណូបការៈ និងស្នាដៃធំៗយ៉ាងច្រើនឥតគណនា និងអរគុណសន្តិភាពដែលសម្រេចបានពីបញ្ញាញាណដ៏ឈ្លាសវៃ ប្រកបដោយគំរូវីរភាពដ៏ថ្លៃថ្លា របស់សម្ដេចតេជោ និងជាវីរកុលបុត្រ ខ្មែរស្នេហាជាតិមួយរូបជានិច្ចកាលតែង តែគិតគូរដល់ផលប្រយោជន៍ជាតិជាធំ។ សម្តេច បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិ នាំមកនូវសុខសន្តិភាព ការពារ កសាង អភិវឌ្ឍ ប្រទេសជាតិ និងធ្វើឱ្យកិត្យានុភាពជាតិ កាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ ដែលជាសក្ខីភាព ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មើលឃើញកាន់តែច្បាស់នូវតួនាទីជាមគ្គុទ្ទេសក៍ដឹកនាំរដ្ឋប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូររុងរឿង។
ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល បវរមហាប្រសើរជូនសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕