អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្ដមនាវី ទៀ វិញ ផ្ញើសាររំលែកទុក្ខជូន លោកស្រី ច័ន្ទ ចំរើន ចំពោះមរណភាព នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ ត្រូវជាឪពុកបង្កើត

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងទឹក ព្រមទាំងនាយនាវី នាយរងនាវី និងពលនាវីទាំងអស់ ផ្ញើសាររំលែកទុក្ខជូន លោកស្រី ច័ន្ទ ចំរើន ចំពោះមរណភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលត្រូវជាឪពុកបង្កើតរបស់លោកស្រី បានទទួលមរណភាពនៅវេលាម៉ោង១២:២៦នាទីរសៀល ថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងការសោកស្តាយស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលជាការបាត់បង់នូវឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សមួយរូបក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើ ពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិ មាតុភូមិ។ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ជាឥស្សរជនឆ្នើមមួយរូបដែលបានចូលរួម តស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមក៏បានចូលរួមយ៉ាងសកម្មក្នុងការ ការពារបូរណរភាពទឹកដី ព្រមទាំងកំណែទម្រង់ និងអភិវឌ្ឍន៍សមត្ថភាពកងយោធពលខេមរភូមិន្ទឱ្យស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមលោកស្រី និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ៕