អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ដែលត្រូវបានដំឡើង និងតែងជា «សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយកម្ពុជា»

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ដែលត្រូវបានដំឡើង និងតែងជា «សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយកម្ពុជា»។ 

ការដំឡើង និងតែងជា «សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយកម្ពុជា» នាពេលនេះ ពិតជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមយ៉ាងក្រៃលែងសម្រាប់ជាតិ និងប្រជាជន ក៏ដូចជាព្រះពុទ្ធសាសនា ដោយព្រះអង្គ បានបូជាអស់ព្រះកាយពល ដើម្បីកសាង និងចូលរួមដឹកនាំ ព្រះពុទ្ធសាសនាកម្ពុជាដែលជាសាសនារបស់រដ្ឋ ឱ្យរស់ឡើងវិញបន្ទាប់ពីរបបប្រល័យពូជសាសន៍ ឱ្យស្ថិតស្ថេរ ចម្រើនរុងរឿងរហូតមកដល់ពេលបច្ចុប្បន្ន មានពុទ្ធបរិស័ទគោរពប្រតិបត្តិតាមគន្លងឱវាទពេញផ្ទៃប្រទេស។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្វសាធុការពរថ្វាយ សម្តេចព្រះសង្ឃនាយក សូម សម្តេចព្រះសង្ឃនាយក ប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួងកុំបីខានឡើយ ដើម្បីបន្តដឹកនាំវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យរីកចម្រើនស្ថិតស្ថេរជានិរន្តរ៍តរៀងទៅ៕