អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

(ភ្នំពេញ)៖  ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ  បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៥។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីយ៉ាងស្មោះស្ម័គ្រចំពោះគុណូបការៈដ៏ធំធេងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅនិងទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា ទុរគតជន ស្ត្រីមេម៉ាយ និងកុមារដែលងាយរងគ្រោះ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ។ កាយវិការមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានេះ ស័ក្តិសមជាភរិយាដ៏ឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជា ជាមាតា ជាជីដូនប្រកបដោយព្រហ្មវិហារធម៌ ជាកុលធីតាដ៏ឆ្នើម និងជាស្ត្រីថ្នាក់ដឹកនាំជាតិមួយរូប ស័ក្តិសមនឹងកិត្តិយសដែលជាតិនិងអន្តរជាតិប្រគល់ជូន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ជាប្រធាន កិត្តិយសសមាគមនារីដើម្បីសន្តិភាព ការអភិវឌ្ឍ និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម លើកតម្លៃស្រ្តី និងគ្រួសារខ្មែរ។

ក្នុងឱកាសដ៏មហាប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និង វត្ថុស័ក្តិសិទ្ធិក្នុងលោក ឫទ្ធីតេជៈបារមី សូមប្រោសប្រទានពរជ័យជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចអគ្គមហាសេនាបតីតេជោ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕