អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

អគ្គបញ្ជាការដ្ឋាន ប្រារព្ធខួបលើកទី១១៤ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥!

(ភ្នំពេញ)៖ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាពនិងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍  វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន។

លោកស្រី ឧត្តមសេនីយ៍ត្រី គង់ វណ្ណៈ នាយករងខុទ្ទកាល័យអគ្គបញ្ជាការ បានអានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្នុងខ្លឹមសារឲ្យស្ត្រីទាំងអស់មានសិទ្ធិក្នុងការចូលរួមបញ្ចេញយោបល់ និងចូលរួមសកម្មភាពផ្សេងៗនៅក្នុងសង្គម។

មានមតិសំណេះសំណាលនៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធិននារីគ្រប់រូបដែលកន្លងមកបានខិតខំពុះពារបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាមគ្រប់ឧបសគ្គ ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារសន្តិភាព និងសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ។

ឯកឧត្តម បញ្ជាក់ថា «ប្រការទាំងនេះ ទើបក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានយកចិត្តទុកដាក់រៀបចំយោធិននារីឱ្យមានតួនាទីក្នុងជួរថ្នាក់ដឹកនាំនៅអគ្គបញ្ជាការដ្ឋាន មាននារីជាអគ្គមេបញ្ជាការរង មេបញ្ជាការរង នាយករង នាយសេនាធិការរង និងថ្នាក់បន្តបន្ទាប់ជាច្រើនទៀត»។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានរំលេចពីមនុញ្ញផលនៃសន្តិភាពក្នុងរយៈពេល២៧ឆ្នាំដែលកើតចេញពីការអនុវត្តដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍជាតិ ដែលធ្វើឱ្យកម្ពុជាសម្រេចបានសមិទ្ធផលជាតិធំៗជាច្រើនក្នុងប្រវត្តិសាស្ត្រ និងរក្សាបានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាប័ន ដែលក្នុងនោះស្ត្រីគឺជាស្នូល។

ឯកឧត្តម អគ្គមេបញ្ជាការរង បានផ្តាំផ្ញើយោធិននារីឲ្យបន្តពង្រឹងសាមគ្គីភាព រួមគ្នាថែរក្សាឱ្យបានរឹងមាំសន្តិភាព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវប្រពៃណីដ៏ល្អផូរផង់របស់នារីខ្មែរ ដែលជាកេរ្តិ៍ដំណែលពីដូនតា បន្តលើកកម្ពស់តម្លៃស្ត្រី និងពង្រឹងសីលធម៌រស់នៅឱ្យបានសមស្របតាមការវិវឌ្ឍជឿនលឿនរបស់សង្គមជាតិ។

បន្ថែមលើសនេះ ឯកឧត្តម ក៏បានជំរុញឲ្យយោធិននារីយកចិត្តទុកដាក់អភិវឌ្ឍមូលធនមនុស្ស និងឌីជីថល តាមរយៈការបង្កើនការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ពង្រឹងសមត្ថភាពជំនាញស្របតាមបច្ចេកវិជ្ជាទំនើប គោរពឱ្យបានម៉ឺងម៉ាត់លក្ខន្តិកៈទូទៅចំពោះកងយោធពលខេមរភូមិន្ទ និងបទបញ្ជានានា ដើម្បីចូលរួមចំណែកក្នុងភារកិច្ចការពារជាតិ និងការអភិវឌ្ឍជាតិឲ្យរីកចម្រើន៕