អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតអបអរសាទរជូនឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសពិធីរម្លឹកខួបអនុស្សាវរីយ៍លើក៨០ ថ្ងៃបង្កើតនគរបាលជាតិកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសដ៏បវរសួស្តីសិរីមង្គលនៃពិធីរំលឹកខួបអនុស្សាវរីយ៍លើក៨០ ថ្ងៃបង្កើតនគរបាលជាតិកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមអបអរសាទរយ៉ាងស្មោះចំពោះថ្ងៃជាប្រវត្តិសាស្រ្តនេះ និងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខនឹករលឹកស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់ថ្នាក់ ដែលបានធ្វើពលិកម្មសព្វបែបយ៉ាង ក្នុងកិច្ចការពារស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរួមចំណែកការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ការប្រារព្ធទិវាជាប្រវត្តិសាស្ត្រនេះ ក្នុងគោលបំណងសម្តែងនូវកតញ្ញុតាធម៌ចំពោះព្រះមហាករុណាទិគុណដ៏ឧត្ដុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ និងដើម្បីរំឭកឡើងវិញនូវការធ្វើពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូជម្នះគ្រប់ឧបសគ្គបង្កើតបាននូវស្នាដៃសមិទ្ធផលជាច្រើនឥតគណនា សម្រាប់កងកម្លាំងនគរបាលជាតិជំនាន់ក្រោយយកមកសិក្សារៀនសូត្រ។

ខ្ញុំសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនគរបាលជាតិ ដែលបង្កើតបានស្នាដៃប្រកបដោយមោទនភាព និងសូមគាំទ្រដល់កងកម្លាំងនគរបាលជាតិទាំងអស់បន្តនូវស្មារតីនិងឆន្ទៈមុតស្រួច ដើម្បីបម្រើឧត្តម ប្រយោជន៍ជាតិ និងសេចក្ដីសុខរបស់ប្រជាជនកម្ពុជា។

ក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រទានសព្ទសាធុការពរដ៏បវរមហាប្រសើរជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕