អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

កងទ័ពកម្ពុជា-ចិន ធ្វើកម្មវិធីសប្បុរសធម៌ចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងអំឡុងពេលធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២៥

(កំពង់ឆ្នាំង)៖ ក្នុងឱកាសធ្វើលំហាត់សមយុទ្ធនាគមាសរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា-ចិន បានរៀបចំកម្មវិធីសប្បុរសធម៌ដើម្បីចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅអនុវិទ្យាល័យតាំងខ្មៅ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាពពាម ស្ថិតក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម្រាប់កម្មវិធីសប្បុរសធម៌ចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស ក្រុមការងារកម្ពុជា-ចិន បានចែកជូនសម្ភារៈមួយចំនួន មានដូចជា៖ សម្ភារៈសិក្សា និងសម្ភារៈកីឡា ដែលសកម្មភាពនេះបង្ហាញនូវក្តីស្រឡាញ់ពីសំណាក់កងទ័ពរំដោះប្រជាជនចិន ចំពោះយុវជន និងកុមារកម្ពុជា។

ដោយឡែកការងារសុខាភិបាល ក្រុមការងារកម្ពុជា-ចិន បានពិនិត្យជំងឺជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ និងជំងឺច្រើនមុខ មានដូចជា ជំងឺបេះដូង ជំងឺសរសៃប្រសាទ ជំងឺវះកាត់សរសៃប្រសាទ ជំងឺដង្ហើម ជំងឺវះកាត់បេះដូងនិងទ្រូង ជំងឺក្រពះនិងពោះវៀន ជំងឺកន្សោមដោះ ជំងឺវះកាត់ទូទៅ ជំងឺកុមារ និងជំងឺឆ្លងមេរោគជាដើម៕