អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកទុក្ខជូនក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ 

នៅក្នុងលិខិតរំលែកមរណទុក្ខបានសរសេរថា៖ ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហានរង ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា ពិសេសរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាពសង្គម និងក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ រួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូត ដល់ថ្ងៃអវសានជីវិត។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពព្រឹន្ទបាលឯក សួន រ៉ោន សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕