(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ពលបាលឯក ប្រាក់ ដា យោធិននៃកងវិស្វកម្មពហុជំនាញលេខ ៤៨៦ ដែលបានពលីក្នុងអំឡុងពេលបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងការសោកស្តាយស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់លោកពលបាលឯក ប្រាក់ ដា គឺជាការបាត់បង់កូនប្រុស សាច់ញាតិជាទីស្រលាញ់ និងជាបងប្អូនយុទ្ធមិត្តរួមការងារដ៏អង់អាចក្លាហានគួរជាទីកោតសរសើរម្នាក់ ដែលបានបំពេញភារកិច្ចតំណាងប្រទេសជាតិក្នុងបុព្វហេតុមនុស្សធម៌ និងរក្សាសន្តិភាពលើសកលលោក។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកជួយទ្រទ្រង់ ដួងវិញ្ញាណក្ខន្ធ ពលបាលឯក ប្រាក់ ដា បានឆាប់ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕