(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់ទីចាត់ការ ដើម្បីបូកសរុបលទ្ធផលការងារកន្លងមក និងលើកទិសដៅការងារបន្ត។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានមានប្រសាសន៍ លើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងទីចាត់ការភស្តុភារ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងបេសកកម្មសមរភូមិមុខយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងមក។
ជាមួយនោះ ឯកឧត្តម បានណែនាំ និងជំរុញឱ្យសាលា និងការិយាល័យជំនាញមានការយកចិត្តទុកដាក់ខ្ពស់លើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សដើម្បីបង្កើនសមត្ថភាពជំនាញភស្តុភារដល់យោធិនដែលជាកត្តាចាំបាច់បំផុត ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃកងយោធពលខេមរភូមិន្ទ។ ឯកឧត្តមបានណែនាំឱ្យរៀបចំកម្មវិធីសិក្សា និងវគ្គបំប៉នជំនាញឱ្យបានទៀងទាត់ ដើម្បីធានាថា មន្ត្រីភស្តុភារគ្រប់រូបមានសមត្ថភាពពេញលេញក្នុងការបំពេញភារកិច្ច។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងទីចាត់ការភស្តុភារ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីបម្រើបុព្វហេតុជាតិមាតុភូមិរបស់យើង៕



