(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រឹតការបញ្ជាការ-សេនាធិការវិស្វកម្មជំនាន់ទី៥ និងបើកវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មចំនួន៥វគ្គ ឆ្នាំ២០២៦-២០២៧ នៅវិទ្យាស្ថានវិស្វកម្មមរតកតេជោ-ធិបតី។
ក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរចំពោះកិច្ចខិតខំ និងការសហការរបស់ថ្នាក់ដឹកនាំកងវិស្វកម្ម និងស្ថាប័នពាក់ព័ន្ធ ដែលបានធ្វើឱ្យការហ្វឹកហ្វឺនប្រព្រឹត្តទៅតាមផែនការ និងរួមចំណែកដល់បុព្វហេតុការពារជាតិ។ ឯកឧត្តម ក៏បានលើកសរសើរពីសាមគ្គីភាព ឯកភាពផ្ទៃក្នុង សមត្ថភាព និងការគោរពប្រតិបត្តិតាមបទបញ្ជារបស់កងវិស្វកម្ម ក្នុងការចូលរួមបោះបង្គោលព្រំដែន និងកសាងបណ្តាញផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីរួមចំណែកកសាងព្រំដែនឱ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ឯកឧត្តម បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធតាមខ្សែក្រវ៉ាត់ព្រំដែនមានសារៈសំខាន់ជាយុទ្ធសាស្ត្រផ្នែកនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងយោធា ព្រមទាំងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋទៅរស់នៅតាមតំបន់ព្រំដែនកាន់តែច្រើន និងរួមចំណែកពង្រឹងខឿនការពារជាតិរបស់ប្រជាជន។
ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់លើការបន្តកំណែទម្រង់វិស័យការពារជាតិ ជាពិសេសការងារហ្វឹកហ្វឺន ដែលជាស្នូលនៃការកសាងកងទ័ពរឹងមាំ។ កិច្ចការអាទិភាព៣ រួមមាន៖ ទី១ ទំនើបកម្មរចនាសម្ព័ន្ធ, ទី២ ទំនើបកម្មគ្រឿងបំពាក់ និងទី៣ ទំនើបកម្មការងារហ្វឹកហ្វឺន ដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃយុទ្ធវិធី និងបច្ចេកវិទ្យាសង្គ្រាមសម័យទំនើប។
ឯកឧត្តម បានណែនាំឱ្យបន្តលើកកម្ពស់គុណភាពហ្វឹកហ្វឺន អភិវឌ្ឍសាលា និងទីលានហ្វឹកហាត់ ពង្រឹងសមត្ថភាពយោធាចារ្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធី ឯកសារហ្វឹកហ្វឺន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។
ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គ ឱ្យយកចំណេះដឹង និងបទពិសោធន៍ទៅអនុវត្តក្នុងអង្គភាព បន្តសិក្សាស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។ ចំពោះសិក្ខាកាមដែលចូលរៀនវគ្គថ្មី ត្រូវខិតខំតស៊ូ ពុះពារការលំបាក ក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ពីយោធាចារ្យ ដើម្បីសម្រេចបានជោគជ័យក្នុងការហ្វឹកហ្វឺន៕

