អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ហួត ឈាងអន៖ ការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលគឺជាការងារ អាទិភាពដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការចូលរួមអនុវត្តយន្តការអភិវឌ្ឍសមត្ថភាពយោធិន

(ព្រៃវែង)៖ ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន បានលើកឡើងថាការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញដល់យោធិនគឺជាការងារអាទិភាពដែលទីចាត់ការភស្តុភារ ក៏ដូចជាអង្គភាពចំណុះទីចាត់ការត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីចូលរួមអនុវត្តយន្តការអភិវឌ្ឍសមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទរបស់យើង។

ការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានធ្វើឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញយន្តការី ជំនាន់ទី២៤ ឆ្នាំ២០២៥ និងបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី២៣ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញយន្តការី ជំនាន់ទី២៥ ឆ្នាំ២០២៦ នៅសាលាភស្តុភារ និងដឹកជញ្ជូន ទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ 

នាឱកាសនោះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសិក្ខាកាមទាំងអស់ដែលជាការអភិវឌ្ឍវិស័យធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងបុព្វហេតុនៃកិច្ចការពារជាតិមាតុភូមិ។

ក្នុងបរិយាកាសសោមនស្សនៃពិធីបិទវគ្គនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ ស្ថាប័ន ជំនាញពាក់ព័ន្ធ និងសាលាដែលមានកិច្ចសហការយ៉ាងល្អ ក្នុងកិច្ចដំណើរការរៀបចំកម្មវិធីសិក្សា ខ្លឹមសារមេរៀន និងការបង្ហាត់បង្រៀនដល់សិក្ខាកាមវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញយន្តការី ជំនាន់ទី២៤ ឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អប្រកបដោយមោទកភាព។ 

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងបញ្ជាក់ថា៖ ជោគជ័យនៃវគ្គបណ្ដុះបណ្ដាលរបស់សាលាភស្តុភារ និងដឹកជញ្ជូន ទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន នា ថ្ងៃនេះ គឺជាការស្ដែងចេញនូវការចូលរួមអនុវត្តយន្តការអភិវឌ្ឍធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ តាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងន័យលើកកម្ពស់សមត្ថភាព ចំណេះដឹង និងជំនាញ ដើម្បីរួមចំណែកក្នុងការកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែរីកចម្រើន។

ជាមួយនោះឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺជាការចូលរួមគោរពអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យកការអភិវឌ្ឍមូលធនមនុស្សជាមុំមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅកសាងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ទាំងស៊ីវិល និងកងទ័ព ឱ្យប្រកបដោយសក្តានុពល សមត្ថភាព ជំនាញវិជ្ជាជីវៈ និងភាពជាដៃគូសម្រាប់ដំណើរការអនុវត្តនូវចក្ខុវិស័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការពារជាតិ។ 

មានមតិផ្ដាំផ្ញើក្នុងពិធីនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានក្រើនរំឮកដល់សាលាបើកបរ និងសិក្ខាកាមមានជាអាទិ៍៖ 

១-ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល

២-ត្រូវគោរពឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ

៣-ត្រូវមានភាពម៉ឺងម៉ាត់ ព្យាយាម  តស៊ូ និងស្រឡាញ់នូវជំនាញដែលទទួលបានពីការបណ្តុះបណ្តាលដើម្បីពង្រឹងគុណភាព លើក កម្ពស់សមត្ថភាពក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃបានល្អប្រសើរ

៤-ត្រូវបន្តយកចិត្តទុកដាក់ស្រាវជ្រាវ រៀន សូត្របន្ថែមទៀតទាំងជំនាញ ភាសាបរទេស ក៏ដូចជាបច្ចេកវិទ្យាព័ត៌មានវិទ្យា។ 

៥-សិក្ខាកាមទាំងអស់ត្រូវជៀស ឆ្ងាយពីគ្រឿងញៀន៕