អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

(ភ្នំពេញ)៖ ក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦, ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតគោរព ជូនពរសម្តេចមហាបវរធិបតី សូមទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅចំពោះសម្តេច ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជម្នះរាល់ឧបសគ្គដើម្បីបុព្វហេតុជាតិនិងប្រជាជន បន្តលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។ លើសពីនេះ សម្តេច គឺជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ សម្តេច តែងនៅជាប់ជានិច្ចជាមួយវីរកងទ័ព នៅសមរភូមិមុខ ដោយបានដឹកនាំនិងផ្តល់នូវយុទ្ធសាស្ត្រ ក៏ដូចជាយុទ្ធវិធីយោធានានាប្រកបដោយថាមពល និងបត់បែនយ៉ាងមានប្រសិទ្ធភាពដល់កងកម្លាំងប្រដាប់អាវុធ ទប់ទល់នឹងសត្រូវឈ្លានពាន។  ជាមួយគ្នានេះ សម្តេចក៏បានស្វែងរកដំណោះស្រាយនៃជម្លោះព្រំដែនដោយសន្តិវិធីទាំងផ្លូវច្បាប់ និងការទូត ធ្វើយ៉ាងណា ឱ្យខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទទួលបាននូវសន្តិភាពយូរអង្វែងនិងការអភិវឌ្ឍ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ កងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យខាងតែបាននូវសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញា ការពាររាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ វាលទី១ និងនយោបាយកំណែទម្រង់នានា ក៏ដូចជាកំណែទម្រង់កងយោធពលខេមរភូមិន្ទឱ្យក្លាយជាកងកម្លាំងរៀបរយ មានវិជ្ជាជីវៈ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

យើងខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសាច់ញាតិក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕