អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ត្រី ផាន វ៉ាន់ហ័ត អនុប្រធានស្នងការប្រយុទ្ធ នៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍គណៈប្រតិភូ និងគូសបញ្ជាក់ពីចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-វៀតណាម ដែលតែងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ 

ឯកឧត្តម បានថ្លែងអំណរគុណចំពោះភាគីវៀតណាម ដែលបានជួយគាំទ្រកម្ពុជា ក្នុងនោះលើវិស័យការពារជាតិ វៀតណាមបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងបានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ លើការបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរព័ត៌មាន ការបង្ក្រាបបទល្មើសឆ្លងដែន ការសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការពាក់ព័ន្ធនឹងព្រំដែន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពជាក់ស្ដែងតាមព្រំដែនកម្ពុជា-ថៃ និងថ្លែងអំណរគុណចំពោះវៀតណាមដែលគាំទ្របទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធី ព្រមទាំងស្នើឱ្យបន្តគាំទ្របេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងស្ដារសន្តិភាពឡើងវិញ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ផាន វ៉ាន់ហ័ត បានថ្លែងអំណរគុណចំពោះឯកឧត្តម អគ្គមេបញ្ជាការ និងបញ្ជាក់ពីការប្ដេជ្ញាចិត្តបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-វៀតណាម ដោយឈរលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ៕