(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានថ្លែងថា ការធ្វើកំណែទម្រង់នឹងធ្វើឱ្យកងកម្លាំងសម្រាប់ការពារជាតិកាន់តែទំនើប រៀបរយ មានវិជ្ជាជីវ: និងមានប្រសិទ្ធភាព ឆ្លើយតបគ្រប់ស្ថានការណ៍ទាំងអស់ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិជ្ជា និងស្ថានការណ៍ពិភពលោក។
ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធា សន្តិសុខឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់កងទ័ពជើងគោក នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងធ្វើកំណែទម្រង់កងទ័ព និងទំនើបកម្មសម្ភារៈសឹកដោយសកម្មបំផុត ក្នុងគោលដៅការពារប្រទេសជាតិរបស់គេៗ ដូច្នេះហើយ គ្មានច្បាប់ណាមកកំណត់ហាមឃាត់ការធ្វើទំនើបកម្មការពារជាតិរបស់ប្រទេសអធិបតេយ្យនោះទេ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សម្រាប់កម្ពុជាដែលជារដ្ឋអធិបតេយ្យ ជាសមាជិកអង្គសហប្រជាជាតិ បានចូលរួមគ្រប់រចនាសម្ព័ន្ធពិភពលោកនិងតំបន់ ស្មើសិទ្ធិស្មើភាពដូចរដ្ឋអធិបតេយ្យដទៃទៀតដែរ កម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការឆ្វើកំណែទម្រង់កងទ័ពជាតិ និងទំនើបកម្មសម្ភារៈសឹក ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពឲ្យកាន់តែប្រសើរ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ការធ្វើកំណែទម្រង់គឺជាជម្រើសតែមួយគត់សម្រាប់កងយោធពលខេមរភូមិន្ទ ដោយឈរលើស្មារតីជាតិនិយម ដើម្បីបម្រើដល់គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពស្ថិតស្ថេរយូរអង្វែងទៅថ្ងៃអនាគត។
«កងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវធ្វើទំនើបកម្មជាអាទិភាពដល់ប្រភេទទ័ពនិងទ័ពជំនាញ ឈរលើទស្សនៈវិស័យ “មនុស្សមុន អាវុធយុទ្ធភណ្ឌតាមក្រោយ” ដោយដើរទន្ទឹមនឹងការវិនិយោគលើប្រភពធានាអាវុធយុទ្ធភណ្ឌ គ្រឿងបំពាក់ទំនើបសម្រាប់បម្រើឱ្យការប្រយុទ្ធ រួមនឹងការកសាងគោលជំហរដល់ជួរនាយទាហាន នាយទាហានរង និងពលទាហាន»។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការធ្វើពលិកម្មប្រកបដោយវីរភាពអង់អាចក្លាហានរបស់កងទ័ពជើងគោក ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក ឲ្យអនុវត្តម៉ឹងម៉ាត់ ប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងក្នុងពិធីរំលឹកខួបលើកទី២៥ ថ្ងៃបង្កើតបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីពេលថ្មីៗមកនេះ៕