អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជួបសំណេះសំណាលជាមួយយោធិននារី ខណៈទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ នឹងចូលមកដល់ក្នុងពេលខាងមុខ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជួបសំណេះសំណាលជាមួយយោធិននារី នៅអគ្គបញ្ជាការដ្ឋាន ដើម្បីអបអរសារទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ដែលខិតជិតមកដល់ក្នុងពេលខាងមុខនេះ។

លោកជំទាវ នាយឧត្តមសេនីយ៍ មុី មនដារី អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល មានព្រះរាជសុវណ្ណីកោតសរសើរ និងគាំទ្រការលើកយកប្រធានបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» សម្រាប់ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ដែលជាប្រធានបទបានឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន និងរំលេចពីតម្លៃ ស្ត្រីចំពោះការចូលរួមក្នុងកិច្ចអភិវឌ្ឍនៅគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងការអបអរសាទរ និងគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រសួងកិច្ចការនារី និងអង្គភាពពាក់ព័ន្ធ ដែលបានជ្រើសរើសយកមូលបទ «ស្រ្តីរួមគ្នារក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា«គាំទ្ររាល់សកម្មភាពរបស់ស្ត្រីខ្មែរ ក្នុងបុព្វហេតុសន្តិភាព ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងផ្តល់អាទិភាពខ្ពស់បំផុត គឺសន្តិភាព បើគ្មានសន្តិភាព គ្មានការអភិវឌ្ឍ,គ្មានសិទ្ធិមនុស្ស និងគ្មានប្រជាធិបតេយ្យ។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ សន្តិភាព គឺជាសសរស្ដម្ភក្នុងការអភិវឌ្ឍប្រទេសជាតិ»។

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ញាការ ក៏បានកោតសរសើរចំពោះយោធិននារីគ្រប់រូប ដែលបានកន្លងមកបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព បូរណភាព ទឹកដី និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ទទួលបានលទ្ធផលស្នាដៃគូជាទីមោទនៈ។

បើតាមនាយឧត្តមសេនីយ៍ ផ្តើមចេញពីការខិតខំនេះ ក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានរៀបចំយោធិននារីឱ្យមានតួនាទីក្នុងជួរថ្នាក់ដឹកនាំ ជាអគ្គមេបញ្ជាការង, មេបញ្ជាការរង នាយករង, នាយសេនាធិការរង, និងថ្នាក់បន្តបន្ទាប់ ហើយចាប់ពីឆ្នាំ២០០៦មកដល់បច្ចុប្បន្ននេះ មានយោធិននារីនៃកងយោធពលខេមរភូមិន្ទ ចំនួន៦៨១នាក់ហើយ ដែលបានចូលរួមចំណែកក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។ នេះសបញ្ជាក់ឱ្យឃើញពីការប្រែប្រួលជាវិជ្ជមាន ឈានទៅរកគុណភាពដ៏ល្អចំពោះយោធិននារី ដែលមានការតាំងចិត្ត ខិតខំបំពេញបេសកកម្ម និងការលើកតម្កើងកិត្តិយសជាតិ ឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ។

នៅក្នុងឱកាសនៃពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា នេះដែរ ឯកឧត្តម អគ្គមេបញ្ជាការ បានចូលរួមផ្ដល់នូវមតិមួយចំនួនដូចខាងក្រោម៖

១-យោធិននារីត្រូវពង្រឹងសាមគ្គីភាព រួមគ្នាថែរក្សាឱ្យបានរឹងមាំនូវសន្ដិភាព និង ប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវប្រពៃណីដ៏ល្អផូរផង់របស់នារីខ្មែរ ដែលជាកេរ្តិ៍ដំណែលពីដូនតា។

២-លើកកម្ពស់តម្លៃស្ត្រី « និងពង្រឹងនូវសីលធម៌រស់នៅឱ្យបានសមស្របតាមការវិវឌ្ឍជឿនលឿនរបស់សង្គមជាតិ។

៣-គ្រប់កងឯកភាព ត្រូវបង្ករលក្ខណៈឱ្យយោធិននារីមានលទ្ធភាពអនុវត្តការងារដូចបុរស ផ្ដល់ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ ដើម្បីបង្កើនសមត្ថភាពយល់ដឹង រួមចំណែកក្នុងការកសាងនិងអភិវឌ្ឍអង្គភាព។

៤-យកចិត្តទុកដាក់អភិវឌ្ឍមូលធនមនុស្ស និងឌីជីថលសម្រាប់យោធិននារី តាមរយៈការបង្កើនការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

៥-យោធិននារីត្រូវពង្រឹងសមត្ថភាពជំនាញ គោរពឱ្យបានម៉ឺងម៉ាត់នូវលក្ខន្តិកៈ ទូទៅចំពោះកងយោធពលខេមរភូមិន្ទ និងបទបញ្ជានានា សំដៅចូលរួមក្នុងភារកិច្ច ការពារជាតិ និងការអភិវឌ្ឍប្រទេសជាតិ។

៦-ត្រូវលប់បំបាត់ការរើសអើង រួមគ្នាដោះស្រាយបញ្ហាប្រឈមលើកទឹកចិត្ត និងទទួលស្គាល់នូវស្នាដៃដែលនារីសម្រេចបាន ធ្វើឱ្យមានសមភាពក្នុងការបែងចែកផលទៅតាមពលកម្មស្មើគ្នារវាងបរុសនិងស្ត្រី។

៧-សហការទប់ស្កាត់ការជួញដូរស្ត្រី ជួញដូរផ្លូវភេទ ទារុណកម្ម និងអំពើពេស្យាចារតាមគ្រប់រូបភាព និងប្រឆាំងរាល់អំពើហឹង្សាក្នុងគ្រួសារ និងការរំលោភសិទ្ធិនារី៕