(ព្រៃវែង)៖ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកអាណត្តិទី៤ និងបូកសរុបរបាយការណ៍ឆមាសទី១របស់គណបក្សស្រុក នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សស្រុកពារាំង។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបានថ្លែងអំណរគុណចំពោះគណបក្សស្រុកគណបក្សឃុំ និងសាខាបក្សតាមភូមិជាពិសេសអង្គបោះឆ្នោតដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែងធ្វើការងារ និងអង្គបោះឆ្នោតបានចូលរួមបោះឆ្នោតទទួលបានជោគជ័យលើសផែនការដែលខេត្តបានកំណត់។
ក្រោយពីមានយោបល់ចប់ ឯកឧត្តមបានប្រគល់ភារកិច្ចដើម្បីអនុវត្តបន្តរួមមាន៖
– យកចិត្តទុកដាក់លើការងារសន្តិសុខ
– បន្តយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
– ចំពោះការងារបក្សត្រូវយកចិត្តទុកដាក់ចំពោះការងារបច្ចុប្បន្នភាពក្រុមបក្ស និងបច្ចុប្បន្នភាពសមាជិករបស់បក្ស
– យកចិត្តទុកដាក់លើការងារធ្វើវេទិកាសាធារណៈ
– អប់រំផ្សព្វផ្សាយអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលបានធ្វើជាក់ស្ដែងជូនដល់ប្រជាពលរដ្ឋរបស់យើង
ក្នុងឱកាសនោះ ឯកឧត្ដម ប្រធានក្រុមការងារ បានលើកអំពីការត្រៀមលក្ខណៈប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ នៅតាមស្នាក់ការគណបក្សស្រុក គណបក្សឃុំ ត្រូវលើកបដា ពាក្យស្លោក ដាក់មេក្រូបំពងសម្លេង ធ្វើការជួបជុំផ្សព្វផ្សាយសមិទ្ធផលទាំងឡាយដែលបក្សធ្វើបានកន្លងមក និងកិច្ចការដែលត្រូវធ្វើបន្ត។
ជាទីបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដម បានប្រគល់បណ្ណសរសើរដល់អង្គបោះឆ្នោត ដែលបានបោះឆ្នោត និងរៀបចំពិធីជប់លៀងជូនបងប្អូនហូបអាហារ សប្បាយរីករាយជុំគ្នា៕