អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

អគ្គមេបញ្ជាការនាំយកអាវភ្លៀងជាអំណោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនកងកម្លាំងឈរជើងការពារព្រំដែនទិសយោធភូមិភាគទី២

(ត្បូងឃ្មុំ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាននាំយកអាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនកងកម្លាំងឈរជើងនៅយោធភូមិភាគទី២ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ដែលពិធីប្រគល់អាវភ្លៀងបានធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំនួសមុខថ្នាក់ដឹកនាំ បានផ្តាំផ្ញើសួរសុខទុក្ខ និងប្រសិទ្ធិពរជ័យពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើដល់កងកម្លាំងទាំងអស់ និងក្រុមគ្រួសារ សូមឆ្នាំថ្មីនាំមកនូវសិរីសួស្តី ជោគជ័យ វិបុលសុខ និងភាពត្រជាក់ត្រជុំដល់ក្រុមគ្រួសារ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានកន្លងផុត ប្រជាពលរដ្ឋបានជួបជុំសប្បាយរីករាយនៅទូទាំងប្រទេស ដោយសារកម្ពុជាមានសុខសន្តិភាព ពលរដ្ឋមានជីវភាពធូរធារ និងមានការអភិវឌ្ឍ ដែលសន្តិភាពនេះបានមកដោយការដាក់ចេញនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ជាអ្នកជួយកម្ពុជាឲ្យឆ្លងផុតពីជ្រោះមរណៈជំងឺកូវីដ-១៩ ពីវិបត្តិសេដ្ឋកិច្ចដែលធ្លាក់ចុះ និងជាអ្នកលើកតម្កើងកម្ពុជាឲ្យមានឥទ្ធិពលនៅក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជាពិភពលោក។

នៅចំពោះមុខថ្នាក់ដឹកនាំកងកម្លាំងប្រដាបអាវុធ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការបានបញ្ជាក់ថា«សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន។ ដូច្នេះកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ត្រូវតែរួមគ្នាការពារសន្តិភាពឲ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីប្រទេសជាតិទទួលបានការអភិវឌ្ឍរីកចម្រេីនខ្លាំងថែមទៀត»។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំនួសមុខឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ បានគោរពថ្លែងអំណរគុណ និងសម្តែងនូវស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រ គោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខកងកម្លាំង ដូចជានៅរដូវភ្លៀងផ្តល់អាវភ្លៀង នៅរដូវរងារផ្តល់អាវរងារជារៀងរាល់ឆ្នាំ៕