អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅខែកញ្ញារបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង

(ព្រៃវែង)៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តខែកញ្ញា ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកពារាំង។

ឯកឧត្តម វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។

ឯកឧត្តម បានក្រើនរម្លឹកឲ្យអង្គពិធីយកចិត្តទុកដាក់លើការងារសន្តិសុខ ទប់ស្កាត់ និងបង្ក្រាបបទល្មើសមានជាអាទិ៍បទល្មើសជួញដូរគ្រឿងញៀន ល្បែងសុីសង នេសាទខុសច្បាប់ និងបន្តការងារអប់រំផ្សព្វផ្សាយតាមខ្នងផ្ទះ មន្ទីរពេទ្យ សាលារៀន អំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ការយកចិត្តទុកដាក់ចូលរួមដោះស្រាយការលំបាកនិងសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការធ្វើវេទិកាសាធារណៈផងដែរ៕