(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ រ៉ូមេអូ អេស ប្រាវនើ ជេអ នាយសេនាធិការកងទ័ពហ្វីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ដឹកនាំគណៈប្រតិភូកងទ័ពហ្វីលីពីនមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍ចំពោះវត្តមានរបស់នាយសេនាធិការកងទ័ពហ្វីលីពីន ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយបានវាយតម្លៃថាទស្សនកិច្ចនេះពិតជានាំមកការពង្រឹង ពង្រីក ទំនាក់ទំនងយូរអង្វែង ពិសេស ការជួបពិភាក្សារវាងថ្នាក់ដឹកនាំនៃកងទ័ពប្រទេសទាំងពីរ ដើម្បីបន្តការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និងប្រកបដោយភាពជិតស្និទ្ធ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទាំងអតីតកាលក៏ដូចជាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ហ្វីលីពីន បន្តរីកចម្រើនជាលំដាប់ និងកាន់តែរឹងមាំ ទោះបីបញ្ហាក្នុងតំបន់ និងពិភពលោកមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។
ជាមួយនេះ ក្នុងនាមក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ពិសេសភាពរីកចំរើននៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ តាមរយៈការចុះហត្ថលេខាលើលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការ (TOR) កាលពីខែមករា ឆ្នាំ២០២៣កន្លងទៅ។
នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណកងទ័ពហ្វីលីពីន ដែលកន្លងមកតែងតែផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទ លើការបណ្តុះបណ្តាលធនធានមនុស្ស ដូចជា វគ្គហ្វឹកហ្វឺនបញ្ជាការសេនាធិការ វគ្គនាយទាហានថ្មើរជើង វគ្គជំនាញឆត្រយោង និងការបញ្ជូនគ្រូបង្គោលហ្វីលីពីនមកជួយបណ្តុះបណ្តាលលើជំនាញស្រាវជ្រាវដាន និងប្រយុទ្ធក្នុងទីក្រុងដល់កងទ័ពជើងគោកកម្ពុជា ដែលទើបនឹងបញ្ចប់ប្រកបដោយជោគជ័យកាលពីពេលថ្មីៗនេះ។
នាយឧត្តមសេនីយ៍ ក៏បានសំណូមពរកងទ័ពហ្វីលីពីន លើកិច្ចការមួយចំនួនដែលរួមមាន: បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ (TOR) របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការយោធារួមកម្ពុជា-ហ្វីលីពីន ក្នុងនោះមានការផ្លាស់ប្តូរទស្សនកិច្ច នៅគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស និងការបន្តជំរុញអនុវត្តការតម្លើងកម្រិតនៃលក្ខខណ្ឌកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងទឹក កងទ័ពជើងអាកាសប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
បន្ថែមលើនេះ បន្តកិច្ចសហការក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដោយមានការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក សំដៅទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន បទល្មើសព័ត៌មានវិទ្យា ការប្រឆាំងអំពើភេរវកម្ម កិច្ចសហការការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាដើម។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ រ៉ូមេអូ អេស ប្រាវនើ ជេអ បានសម្ដែងនូវសេចក្តីរំភើបរីករាយ ចំពោះបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅពីសំណាក់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងងបានបញ្ជាក់ថា ការមកពេញទស្សនកិច្ចនេះ គឺឆ្លើយតបតាមការអញ្ជើញរបស់អតីតមេបញ្ជាការកងទ័ពជើងគោក សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន។
នាយឧត្តមសេនីយ៍ រ៉ូមេអូ អេស ប្រាវនើ ជេអ ក៏បានសម្ដែងនូវសុទិដ្ឋិនិយមរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចំពោះការខិតខំយកចិត្តទុកដាក់ពង្រឹងពង្រីកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រភេទទ័ព នៃកងទ័ពប្រទេសទាំងពីរផងដែរ។
នាយសេនាធិការកងទ័ពហ្វីលីពីន បានបញ្ជាក់ជូនពីការកត់ត្រាទុក ចំពោះសំណើផ្សេងៗ ដែលនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងក្នុងឱកាសនេះ ទាក់ទងជាមួយនឹងការហ្វឹកហ្វឺនកសាងសមត្ថភាព កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ព្រមទាំងការរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងអំពើភេរវកម្មជាដើម៕