(ពារាំង)៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សស្រុកពារាំង ប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦។
បន្ទាប់ពីស្ដាប់របាយការណ៍របស់លោក ឈុន សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សស្រុកពារាំង ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគណបក្សក្នុងការចុះជាប់មូលដ្ឋាន អប់រំ និងផ្សព្វផ្សាយពីសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល ព្រមទាំងការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ប្រធានក្រុមការងារ បានណែនាំឱ្យមន្ត្រីគណបក្សគ្រប់ឃុំ-ភូមិ បន្តជម្រុញការផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតឲ្យបានទាន់ពេលវេលា និងបន្តធ្វើបច្ចុប្បន្នភាពស្ថានភាពប្រជាពលរដ្ឋ និងកម្លាំងនយោបាយ ដើម្បីពង្រឹងការកសាង និងពង្រីកសមាជិកបក្សថ្មីបន្ថែមទៀត។
ជាមួយនោះ ឯកឧត្ដម ប្រធានបានប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារចុះមូលដ្ឋានឃុំ ត្រូវរៀបចំឯកសារពាក់ព័ន្ធការធ្វើសន្និបាតគណបក្សឱ្យរួចរាល់ត្រឹមថ្ងៃទី១៥ ខែធ្នូនេះ និងប្រុងប្រៀបរៀបចំទិវាជ័យជម្នះ 7 មករា ដោយតុបតែងនៅទីស្នាក់ការគណបក្សជាមួយទង់ជាតិ ទង់បក្ស បដាពាក្យស្លោកផងដែរ៕
