(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាននាំយកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់ឲ្យដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារបូរណភាពទឹកដី ទិសទី១ ខេត្តព្រះវិហារ ដែលពិធីនេះបានធ្វើនៅទីបញ្ជាការកងពលតូចអន្តរាគមន៏លេខ ៨ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ក្នុងមតិស្វាគមន៍ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ជូនដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់អំពីសុខទុក្ខកងកម្លាំង និងតាមចិញ្ចឹមបីបាច់ថែរក្សា ផ្តល់អ្វីៗគ្រប់យ៉ាង ក្នុងនោះ នៅរដូវភ្លៀង ផ្តល់អាវភ្លៀង និងនៅរដូវរងា ផ្តល់អាវរងា។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធផ្សេងទៀត នៅក្នុងភារកិច្ចការពារបូរណភាពទឹកដី និងដំណើរការ កសាង ពង្រឹងអង្គភាព ដោយទទួលបានស្នាដៃ និងសមិទ្ធផលគួរឲ្យកត់សម្គាល់។
អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីសភាពការណ៍ជាតិ អន្តរជាតិ សំខាន់ៗដែលកើតមានក្នុងពេលបច្ចុប្បន្ន និងថាមពលដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បន្តថែរក្សាសុខសន្តិភាព ឯករាជ្យជាតិ បូរណភាពទឹកដី ពុះពាររាល់កិច្ចការដែលសេសសល់ពីរាជរដ្ឋាភិបាលអាណត្តិមុន និងស្វែងរកបច្ចេកវិទ្យាថ្មីៗ ដើម្បីប្រកួតប្រជែងនឹងបណ្តាប្រទេសលើសកលលោក។
នាយឧត្ដមសេនីយ៍ ក៏បានផ្តាំផ្ញើដល់មេបញ្ជាការទាំងអស់ ឲ្យយកចិត្តទុកដាក់ពីការគ្រប់គ្រងកម្លាំង និងការប្រុងប្រយ័ត្នចំពោះកម្លាំងអមិត្តដែលប្រើប្រាស់រូបភាពបដិវត្តន៍ពណ៌ និងកលល្បិច ប៉ុនប៉ងផ្តួលរំលំករាជរដ្ឋាភិបាល បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម និងកិច្ចសហការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា មាន៖ ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងការជួញដូរមនុស្ស ជាដើម។
នៅទីបញ្ចប់ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ, សម្តេចកិតិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី, លោកជំទាវបណ្ឌិត និងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើដល់កងម្លាំងប្រដាប់អាវុធឈរជើងការពារបូរណភាពទឹកដីនៅតាមខែ្សបន្ទាត់ព្រំដែនខេត្តព្រះវិហារផងដែរ៕