(ភ្នំពេញ)៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ស្រុី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២១ មេសា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកម៉ាឡេស៊ីនៅកម្ពុជា ដោយសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះពិតជានាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ ពិសេសការជួបពិភាក្សារវាងថ្នាក់ដឹកនាំកងទ័ពជើងគោកនៃប្រទេសទាំងពីរ។
ឯកឧត្តម នាយឧត្ដមសេនីយ៍ តាន់ស្រុី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ បានជម្រាបជូនពីការជួបពិភាក្សាដ៏ល្អរវាងឯកឧត្តម ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ទាក់ទងពីអនាគតនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ។
ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានលើកឡើងថា ទោះបីបច្ចុប្បន្នប្រទេសទាំងពីរពុំទាន់មានកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នាក្តី ប៉ុន្តែ ឯកឧត្តមថានឹងខិតខំព្យាយាមធ្វើការជាមួយក្រសួងការពារជាតិ ដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរឲ្យបានឆាប់ក្នុងខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណប្រទេសម៉ាឡេស៊ី ដែលបានបញ្ជូនអ្នកជំនាញ អ្នកសង្កេតការណ៍យោធារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការរក្សាសន្តិភាពក្នុងប្រទេសកម្ពុជា និងអរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ីដែលបានផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា កំពុងបម្រើការងារនៅក្នុងប្រទេសម៉ាឡេស៊ី។
ក្នុងនាមក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ជាពិសេសភាពរីកចំរើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក កម្ពុជា-ម៉ាឡេស៊ី ដែលកំពុងជំរុញឱ្យមានការចុះហត្ថលេខាលើលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR)។
ឯកឧត្តម បញ្ជាក់ថា ឆ្លងតាមដំណើរទស្សនកិច្ចនៅម៉ាឡេស៊ី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំ២០២៤ កងទ័ពប្រទេសទាំងពីរតែងបានសហការយ៉ាងជិតស្និទ្ធ ទាំងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរប្រតិភូ ការចែករំលែកព័ត៌មាន ក៏ដូចជាការទប់ស្កាត់អំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា កិច្ចសហប្រតិបត្តិការគ្រប់ប្រភេទទ័ព និងការហ្វឹកហ្វឺនលំហាត់យោធារួមគ្នា៕