អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើជូនពរនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦)។

តាមរយៈសារលិខិត នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរៀបរាប់យ៉ាងដូច្នេះថា៖ «នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ជាទីស្រលាញ់រាប់អាន!

ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនៃពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦ តាងនាមថ្នាក់ដឹកនាំ អគ្គបញ្ជាការ និងខ្លួនខ្ញុំផ្ទាល់ សូមផ្ញើជូននូវការសាកសួរសុខទុក្ខពោរពេញដោយមនោសញ្ចេតនានឹករលឹកស្រលាញ់ យ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងឆ្នាំកន្លងទៅបានខិតខំពុះពារជម្នះរាល់ការលំបាក តស៊ូប្រយុទ្ធយ៉ាងប្តូរផ្តាច់ ធ្វើពលិកម្មគ្រប់បែបយ៉ាង ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក៏ដូចជាការពារសន្តិភាព និងស្ថិរភាពសង្គម។

ទន្ទឹមនឹងនេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានចូលរួមអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ សំដៅកសាងកងយោធពលខេមរភូមិន្ទឱ្យបានរឹងមាំរៀបរយ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិនៃយើង។

ក្រៅពីភារកិច្ចស្នូល កងយោធពលខេមរភូមិន្ទបានរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើសនានា ជាពិសេស បានសហការទប់ស្កាត់រាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ក្នុងគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការញុះញង់បំផុសបំផុលបង្កចលាចលតាមគ្រប់រូបភាព។ កងយោធពល ខេមរភូមិន្ទ បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារព្រៃឈើ និងមច្ឆជាតិ ដោយបានបង្ក្រាបការនេសាទខុសច្បាប់លើផ្ទៃ បឹងទន្លេសាប បង្ក្រាបក្រុមអនាធិបតេយ្យទន្ទ្រានដីព្រៃកាន់កាប់ខុសច្បាប់ ដោយដកហូតដីបានរាប់ម៉ឺនហិកតា ប្រគល់ជូនរាជរដ្ឋាភិបាល និងបានទប់ស្កាត់និងបង្ក្រាបការជួញដូរគ្រឿងញៀនជាដើម។ កងយោធពលខេមរភូមិន្ទ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព ថ្វាយព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ ព្រមទាំងសហការការពារសន្តិសុខក្នុងពិធីបុណ្យឯករាជ្យជាតិ ទិវាសន្តិភាពនៅកម្ពុជា ពិធីបុណ្យផ្សេងៗ និងកិច្ចប្រជុំនានាដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យ។ ជាមួយគ្នានេះ កងយោធពលខេមរភូមិន្ទ ក៏បានរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រវាត់ព្រំដែន ប្រព័ន្ធធារាសាស្ត្រ ដាំកូនឈើ និងការពារព្រៃឈើ បរិស្ថាន សត្វព្រៃ ដោះបំផ្លាញគ្រាប់មិន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រំដោះដីស្រែជូនប្រជាពលរដ្ឋ ជួយបង្កបង្កើនផល សង្គ្រោះប្រជាជនពីគ្រោះធម្មជាតិ និងគ្រោះមហន្តរាយនានា ព្រមទាំងបានអនុវត្តវិធានការគន្លឹះក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងផ្សេងៗ។ កងយោធពលខេមរភូមិន្ទ បានសហការជួយដល់គ្រួសារវីរកងទ័ព យោធិនពលី មរណៈ និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជួយគ្រួសារយោធិនដែលជួបការលំបាក និងពង្រឹងការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាព កងទ័ពជាមួយក្រសួងស្ថាប័នស៊ីវិល ក្នុងគោលដៅកសាងពង្រឹងខឿនការពារជាតិ ឱ្យកាន់តែរឹងមាំ។ កងយោធពល ខេមរភូមិន្ទ បានចូលរួមអនុវត្តភារកិច្ចអន្តរជាតិលើវិស័យមនុស្សធម៌ និងការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌរបស់អង្គការ សហប្រជាជាតិ ដែលជាមោទនភាពរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ ធ្វើឱ្យកិត្យានុភាពជាតិ កាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។

សមិទ្ធផលដ៏ធំធេងដែលយើងសម្រេចបានកន្លងមក គឺអាស្រ័យដោយការខិតខំប្រឹងប្រែងពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការណែនាំ ចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់ពី មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្តែងនៅតាមបណ្ដាកងឯកភាព។

កងយោធពលខេមរភូមិន្ទ សូមប្រកាសជាឱឡារិកប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ការពារសមិទ្ធផលជាតិទាំងឡាយ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ បន្សល់ទុកពីសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ការពារឱ្យខាងតែបាននូវសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជា ធានាបាននិរន្តរភាពជាតិ សុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបន្តលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។

ក្នុងនាមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះគំរូវីរភាព និងស្នាដៃដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបាននាពេលកន្លងទៅ។

សូមផ្តាំផ្ញើសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលកំពុងបំពេញភារកិច្ចជំនាញនិងកំពុងឈរជើងការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ព្រំដែនទឹក ដែនអាកាស និងសូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីសម្រេចបាន ជោគជ័យថ្មីៗថែមទៀតក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដែលជាទំនុកចិត្តរបស់ប្រជាជនយើងទាំងមូល។

សូមផ្តាំផ្ញើសួរសុខទុក្ខចំពោះគ្រួសារវីរកងទ័ព យោធិនពលី មរណៈ និងសូមលំឱនកាយវាចាចិត្តគោរព វិញ្ញាណក្ខន្ធអស់លោក លោកស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមផ្តាំផ្ញើសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលរបួសពិការ និងមានជំងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងនៅតាមគេហដ្ឋាន សូមជូនពរអស់លោក លោកស្រី ឆាប់ជាសះស្បើយ ដើម្បីរួមរស់ក្នុងគ្រួសារប្រកបដោយសុភមង្គល។ ជាមួយនេះ សូមផ្ញើជូននូវការនឹករលឹកចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាអតីតយុទ្ធជន ជនពិការ បាត់បង់សមត្ថភាពការងារ និវត្តជន ដែលកំពុងនៅតាមបណ្តាមូលដ្ឋាននានាទូទាំងប្រទេស សូមប្រកបដោយសេចក្តីសុខ សេចក្ដីចម្រើនគ្រប់ប្រការ។

សូមផ្ញើជូននូវការនឹករលឹក និងសួរសុខទុក្ខពីចម្ងាយជូននាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ សិក្ខាកាមកំពុងបន្តការសិក្សាជំនាញផ្សេងៗនៅឯបរទេស និងសូមជូនពរអស់លោក លោកស្រី មានសុខភាពល្អ កម្លាំងមាំមួន សម្រេចបាននូវបេសកកម្មអន្តរជាតិ និងទទួលបានជោគជ័យក្នុងការសិក្សាប្រកបដោយកិត្តិយស។

ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរជូននាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពរទាំងឡាយប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕