អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារខែមេសា និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុកពារាំង

(ព្រៃវែង)៖ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែមេសា និងដាក់ចេញទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុកពារាំង។

កិច្ចប្រជុំបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សឃុំព្រៃស្រឡិត របស់ស្រុកពារាំង ខេត្តព្រៃវែង ដោយមានការចូលរួមពីមន្រ្តីក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៩ និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៩៣ របស់ស្រុកពារាំង។

មានមតិក្នុងឱកាសនោះ ឯកឧត្ដម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីគណបក្សមូលដ្ឋាន និងមន្ត្រីក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ក្នុងការអនុវត្តការងារកន្លងទៅប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម បានផ្តាំផ្ញើឲ្យមន្ត្រីគណបក្សបន្តពង្រឹងសាមគ្គីភាព និងក្រមសីលធម៌ការងារ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសង និងបន្តធ្វើវេទិកាសាធារណៈដើម្បីក្តាប់ជាប់សំណូមពរចាំបាច់របស់ពលរដ្ឋ និងដោះស្រាយតាមលទ្ធភាពជាក់ស្ដែង។

ឯកឧត្តម បានផ្តាំផ្ញើឲ្យមន្ត្រីគណបក្ស បន្តឧបត្ថម្ភដល់ពលរដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ខិតខំដោះស្រាយបញ្ហាទំនាស់ផ្សេងៗក្រៅប្រព័ន្ធតុលាការឲ្យអស់លទ្ធភាព ហើយបន្តធ្វើបច្ចុប្បន្នភាពគ្រប់គ្រងស្ថានភាពពលរដ្ឋនិងកម្លាំងនយោបាយដើម្បីពង្រឹងពង្រីកសមាជិកបក្សជាប់ជាប្រចាំ។

បន្ថែមលើសនេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានជំរុញឱ្យបន្តទប់ស្កាត់រាល់ការបំផុសបំផុលខុសពីការពិតរបស់ក្រុមជ្រុលនិយមដែលប៉ុនប៉ងបំបែក ចលាចលក្នុងសង្គម និងបានជំរុញឲ្យពលរដ្ឋមិនទាន់ចុះឈ្មោះបោះឆ្នោត ឲ្យទៅចុះឈ្មោះបោះឆ្នោតនៅក្នុងខែឧសភា ឆ្នាំ២០២៥ ខាងមុខឲ្យបានគ្រប់គ្នា៕