អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ កងទ័ពត្រូវតែម៉ឺងម៉ាត់ក្នុងកិច្ចការពារបូរណភាពទឹកដី ហ៊ានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញផ្តល់អាវភ្លៀង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បណ្តាកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន ដែលធ្វើឡើងនៅវិទ្យាស្ថាននាយទាហានចម្រុះ។

នៅក្នុងពិធីផ្តល់អាវភ្លៀងនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខកងទ័ព និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់កងទ័ព និងក្រុមគ្រួសារ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងកំពុងបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលលើកឡើងក្នុងការប្រកាន់ជំហរកសាងព្រំដែនជាមួយប្រទេសជិតខាងកម្ពុជា ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានប្រាប់កងទ័ពឲ្យម៉ឺងម៉ាត់ក្នុងកិច្ចការពារបូរណភាពទឹកដី ហ៊ានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ។ ចំពោះមុខ កងទ័ពមិនអព្យាក្រឹតចំពោះរាជរដ្ឋាភិបាលទេ កងទ័ពត្រូវតែការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោត៕