អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្ពុជាស្រលាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម ប៉ុន្តែកម្ពុជាមិនរាថយ ករណីមានការឈ្លានពានពីសត្រូវ

(កំពង់ស្ពឺ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា “កម្ពុជាស្រលាញ់សន្តិភាព ហើយស្អប់ខ្ពើមសង្គ្រាម ប៉ុន្តែកម្ពុជាក៏មិនរាថយនោះដែរ ក្នុងករណីមានការឈ្លានពានពីសត្រូវ”។  កងយោធពលខេមរភូមិន្ទ បានប្រុងប្រៀបត្រៀមប្រយុទ្ធ ២៤ម៉ោងលើ២៤ម៉ោង តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ដោយមិនញញើតក្នុងការលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិ។

ការបញ្ជាក់ដូចនេះរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នវិក្រឹតការដល់នាយទាហានទ័ពជំនាញទ័ពជើងគោកថ្នាក់អនុសេនីយ៍ជំនាន់ទី១ នៅវិទ្យាស្ថាននាយទាហានចម្រុះ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

នៅចំពោះមុខអង្គពិធីទាំងមូល ឯកឧត្តម នាយឧត្ដមសេនីយ៍ បានលើកឡើងពីហេតុការណ៍ឆ្មក់ចូលមកវាយប្រហារលើកងទ័ពកម្ពុជាពីកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ឧសភា នៅចំណុចព្រំដែនមុំ៣ ខេត្តព្រះវិហារ បណ្ដាលឱ្យកងទ័ពកម្ពុជាម្នាក់ស្លាប់បាត់បង់ជីវិត ដែលជាចេតនាបង្កហេតុរបស់កងទ័ពថៃដើម្បីឈ្លានពានកម្ពុជា។

ឯកឧត្តមបន្តថា ទោះក្នុងហេតុការណ៍ដូចនេះក្តី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីការចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្ដិភាព និងផ្អែកលើច្បាប់អន្តរជាតិ ជាមួយនោះ កម្ពុជាក៏រក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ បើសិនជាមានការឈ្លានពានលើដីកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីឱ្យជួយកាត់ក្តីវិវាទជាមួយថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣។

ឯកឧត្តម អគ្គមេបញ្ជាការ បញ្ជាក់ថា ការជ្រើសរើសយកយន្តការតុលាការយុត្តិធម៌អន្តរជាតិ គឺជាដំណើរការទៅមុខឥតដកថយ និងប្រកបដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដើម្បីយុតិ្តធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងសម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តម បានបញ្ជាក់ពីការគាំទ្រពេញទំហឹងរបស់កងយោធពលខេមរភូមិន្ទ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី។ ទន្ទឹមនេះបានប្រុងប្រៀបជាស្រេចត្រៀមប្រយុទ្ធតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ដោយមិនញញើតក្នុងការលះបង់សាច់ស្រស់ឈាមស្រស់ ការពារជាតិមាតុភូមិទោះក្នុងតម្លៃណាក៍ដោយ។

ឯកឧត្តម អគ្គមេបញ្ជាការ បានផ្តាំផ្ញើសិក្ខាកាមទាំងអស់ ត្រូវយកអស់ស្មារតីកម្លាំងកាយចិត្ត តស៊ូពុះពាររាល់ការលំបាកក្នុងការហ្វឹកហ្វឺន ក្រេបជញ្ជក់ខ្លឹមសារមេរៀនឲ្យទទួលបានទាំងចំណេះដឹង ចំណេះធ្វើ និងត្រូវស្វែងយល់បទពិសោធន៍ដែលបានឆ្លងកាត់កន្លងមក ដើម្បីបង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួន និងឈានទៅបំពេញភារកិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់៕