អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឈានចូល ៧៤ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

នៅក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ ពោរពេញដោយសេចក្តីសោមនស្សរីករាយ អបអរសាទរ នៃខួបចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ដែលឈានចូលមកដល់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញា ឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិ សំដៅពង្រឹងនីតិរដ្ឋឱ្យកាន់តែរឹងមាំឈានទៅសម្រេចបានគោលដៅអភិវឌ្ឍប្រទេសជាតិកាន់តែសម្បូររុងរឿង។

យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវ កតញ្ញូ កតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះគុណូបការៈ និងស្នាដៃធំៗយ៉ាងច្រើនឥតគណនា និងអរគុណសន្តិភាពដែលសម្រេចបានពីបញ្ញាញាណដ៏ឈ្លាសវៃ ប្រកបដោយគំរូវីរភាពដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា។ សម្តេចតេជោគឺជាវីរកុលបុត្រ ខ្មែរស្នេហាជាតិដ៏ឆ្នើមមួយរូប តែងតែគិតគូរដល់ផលប្រយោជន៍ជាតិជាធំ ដែលកន្លងទៅបាន លះបង់អាយុជីវិត និងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាពភាពសុខដុមរមនា ស្ថិរភាពនយោបាយ សន្តិសុខ ការពារ កសាង និងអភិវឌ្ឍ ប្រទេសជាតិ ព្រមទាំងធ្វើឱ្យកិត្យានុភាពជាតិខ្មែរ កាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។

ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕