អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ខឹម សន ដឹកនាំគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ​ឧត្ដមសេនីយ៍​ឯក​ ច័ន្ទ​ លំផាត់ 

(ក្រចេះ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក ​ច័ន្ទ​ លំផាត់​ នាយរង​សេនាធិការ​ចម្រុះ​  អនុប្រធានគណៈកម្មា​ធិការ​ជាតិ​ គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន​កម្ពុជា ដែលបានទទួលមរណភាពកាល​ពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២៥ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគគាពាធ។

ពិធីគោរពវិញ្ញាណក្ខន្ធ បានប្រព្រឹត្តទៅនៅភូមិវត្ត សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ​ ខេត្ត​ក្រចេះ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា​ ២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន ក្នុងនាមគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព និងបានចាត់ទុកការបាត់បង់ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក ​ច័ន្ទ​ លំផាត់​ ជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ដែលប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារ ជាពិសេសគឺជាការបាត់បង់នូវយោធិនមួយរូបក្នុងកងយោធពលខេមរភូមិន្ទ ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងបុព្វហេតុការពារបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន បានបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕