អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកទុក្ខជូនលោកជំទាវ ម៉ម ណាវី ចំពោះមរណភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ផ្ញើលិខិតរំលែកទុក្ខជូនលោកជំទាវ ម៉ម ណាវី និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពនៅថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងការសោកស្តាយស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ ដែលជាការបាត់បង់នូវស្វាមី លោកឪពុក ឪពុកក្មេក ជីតា និងបងប្រុសជាទីគោរពស្រលាញ់ប្រកប ដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូបក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត និងបានលះបង់អាយុជីវិត កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិមាតុភូមិ។ នាយឧត្តមសេនីយ៍ ហេង បូរិន្ទ ជាឥស្សរជនឆ្នើមមួយរូប ដែលបានចូលរួមតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបានចូលរួមក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី យ៉ាងពេញលេញ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមក៏បានចូលរួមយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដី កំណែទម្រង់និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ ឱ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកជួយទ្រទ្រង់ ដួងវិញ្ញាណក្ខន្ធឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕