(ភ្នំពេញ)៖ នាឱកាសបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan មេបញ្ជាការកងយោធពលភូមិន្ទព្រុយណេ បានស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងជំនួបពិភាក្សាទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាពេលនេះ គឺស្របពេលនឹងខួបអនុស្សាវរីយ៍លើកទី ៣៣ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ព្រុយណេ ដែលបានភ្ជាប់ចំណងការទូតផ្លូវការ តាំងពីឆ្នាំ១៩៩២ ហើយរហូតដល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែបន្តរីកចម្រើន និងរឹងមាំលើច្រើនវិស័យ។
លើវិស័យយោធា ឯកឧត្ដមអគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ក្នុងនោះ កងទ័ពព្រុយណេបានជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ តាមរយៈការផ្តល់អាហារូបករណ៍វគ្គបញ្ជាការ-សេនាធិការ វគ្គភាសាអង់គ្លេស និងការរអញ្ជើញនាយទាហានកម្ពុជាចូលរួមសន្និសីទនានា ដែលរៀបចំនៅប្រទេសព្រុយណេ។
ក្នុងនាមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម បានថ្លែងអំណរគុណចំពោះបណ្តាប្រទេសទាំងអស់ជាសមាជិកអាស៊ាន ដោយឡែក រាជរដ្ឋាភិបាល និងកងយោធពលភូមិន្ទព្រុយណេ ដែលបានគាំទ្រដល់បទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំងបានចូលរួមក្នុងក្រុមសង្កេតការណ៍អន្តរកាលនៅកម្ពុជាផងដែរ។
ឯកឧត្តម អគ្គមេបញ្ជាការ បានស្នើដល់ភាគីព្រុយណេបន្តជំរុញការពិភាក្សា ដើម្បីសម្រេចអនុស្សរណយោគយល់ ក្នុងនោះមាន ការផ្លាស់ប្តូរទស្សនកិច្ច ការពង្រឹងបណ្តាប្រភេទទ័ព ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្ម ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន បទល្មើសព័ត៌មានវិទ្យា អំពើភេរវកម្ម ការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Haszaimi បានសម្តែងសេចក្តីសោមនស្សរីករាយដែលបានមកកាន់កម្ពុជាសារជាថ្មី និងថ្លែងអំណរគុណចំពោះបដិសណ្ឋាកិច្ចដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គមេបញ្ជាការ ដែលបង្ហាញភាពជិតស្និទ្ធ ដើម្បីពង្រឹង ពង្រីកទំនាក់ទំនងឲ្យល្អប្រសើររវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Haszaimi បានមានការចាប់អារម្មណ៍ដល់ការដឹកនាំរបស់កម្ពុជា ចំពោះតួនាទីស្ត្រីនៅក្នុងកិច្ចការថែរក្សាសន្តិភាព ដែលមានសមាមាត្រគួរឱ្យកោតសរសើរ ឆ្លុះបញ្ចាំងពីការតាំងចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការរួមចំណែកថែរក្សាសន្តិភាព និងការប្ដេជ្ញាចិត្តចំពោះសមភាពយេនឌ័រនៅក្នុងកងទ័ព។
ពាក់ព័ន្ធស្ថានការព្រំដែនកម្ពុជា-ថៃ ឯកឧត្តមមេបញ្ជាការកងទ័ពព្រុយណេ បានសម្តែងនូវសេចក្តីរីករាយ ចំពោះកងទ័ពព្រុយណេដែលបានចូលរួមក្នុងបេសកកម្មសង្កេតការណ៍អន្តរកាលទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលនេះជាសក្ខីភាពនៃការរួបរួម និងការទទួលខុសត្រូវរបស់អាស៊ាន។
ឯកឧត្តមបានគូសបញ្ជាក់ថា ព្រុយណេ នៅតែប្តេជ្ញាពេញទំហឹងក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងកិច្ចការពារជាតិរបស់ប្រទេសទាំងពីរ ក្នុងលក្ខណៈប្រកបដោយបរិយាបន្ន ដើម្បីសម្លឹងឆ្ពោះទៅមុខ ស្របតាមគោលបំណងដ៏ទូលំទូលាយរបស់អាស៊ាន៕