អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ខឹម សន ដឹកនាំគណៈប្រតិភូ អគ្គបញ្ជាការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម  ឧត្ដមសេនីយ៍ឯក សេង វ៉ាន់ធី

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្ដមសេនីយ៍ ឯក សេង វ៉ាន់ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលបានទទួលមរណភាពកាល វេលាម៉ោង ៤ ៣០នាទីល្ងាចថ្ងៃ ទី២២ ខែវិច្ឆិការ ឆ្នាំ ២០២៥ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគគាពាធ។

ពិធីគោរពវិញ្ញាណក្ខន្ធ បានប្រព្រឹត្តទៅនៅគេហដ្ឋានសពលេខ ២១ ផ្ទះលេខ០១ ប៉េងហួត ផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន ក្នុងនាមគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព និងបានចាត់ទុកការបាត់បង់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក សេង វ៉ាន់ធី ជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ដែលប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារ ជាពិសេសគឺជាការបាត់បង់នូវយោធិនមួយរូបក្នុងកងយោធពលខេមរភូមិន្ទ ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងបុព្វហេតុការពារបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន បានបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ឧត្ដមសេនីយ៍ឯក សេង វ៉ាន់ធីបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕